សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង
ជីហ្គឺជាជនជាតិមួយដែលចូលចិត្តអានសៀវភៅជាងគេ ព្រោះពួកគេយល់ថា ការស្រេកឃ្លានចំណេះដឹង គឺស្មើនឹងការស្រែកឃ្លានទ្រព្យសម្បត្តិ ហើយចំណេះដឹងរបស់ពួកគេវិញមានច្រើនរហូតដល់មនុស្សទូទៅមិនអាចប្រៀបធៀបបានឡើយ។សម្រាប់ជនជាតិជីហ្វ សៀវភៅគឺជាប្រភពនៃប្រាជ្ញាទាំងពួង និងជាដើមទុនសម្រាប់សាងភាពមានបាននាពេលអនាគត។តាមរយៈគម្ពីរ Talmud បាននិយាយថា“ អ្នកគួរតែមានមោទកភាពចំពោះចំណេះដឹងដែលបានមកពីសៀវភៅ ហើយត្រូវយកសៀវភៅធ្វើជាមិត្តរបស់អ្នក និងយកធ្នើរដាក់សៀវភៅធ្វើជាផ្ទះរបស់អ្នកទើបជាការប្រសើរ”។

ពាក្យប្រៀនប្រដៅមួយនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីដាស់តឿនកូនចៅរបស់ពួកគេឲ្យដឹងពីភាពសំខាន់នៃការអានសៀវភៅជានិច្ច។ម្យ៉ាងវិញទៀតជនជាតិជីហ្វបានបង្កើតច្បាប់មួយដើម្បីដាស់តឿនកូនចៅរបស់ខ្លួនថា “ បើខ្វះខាតរហូតដល់ត្រូវលក់ទ្រព្យសម្បត្តិដើម្បីចិញ្ចឹមជីវិតនោះ គឺត្រូវលក់មាសពេជ្រត្បូង ផ្ទះ និងដីជាមុនសិន លុះវិនាទីចុងក្រោយនៅពេលដែលចាំបាច់ពិតប្រាកដនោះសឹមលក់សៀវភៅ”។

ប៉ុន្តែហេតុអ្វីបានជាពួកគេមានគំនិតដូច្នេះ??ព្រោះជនជាតិជីហ្វយល់ឃើញថា មាសពេជ្រ ផ្ទះដីធ្លីជាដើម សុទ្ធតែជាវត្ថុដែលមិនស្ថិតស្ថេរឡើយ គឺមានតែចំណេះដឹងទេដែលជាទ្រព្យគ្មានថ្ងៃបាត់បង់ ដូច្នេះយើងមិនគួរព្រងើយកន្តើយចំពោះការអានសៀវភៅឡើយទោះជាកាលៈទេសៈណាក៏ដោយ។
តួយ៉ាងដើម្បីរក្សានូវទំនៀមទំលាប់នៃការប្រគល់សៀវភៅទៅឲ្យមនុស្សជំនាន់ក្រោយ និងដើម្បីឲ្យសៀវភៅស្ថិតក្នុងដៃអ្នកដែលស្រលាញ់សៀវភៅពិតប្រាកដនោះ នៅក្នុងឆ្នាំ១៧៣៦ សមាគមជនជាតិជីហ្វនៅក្នុងប្រទេស Latvia បានកំណត់ច្បាប់មួយឡើងមក ដែលមានខ្លឹមសារថា “បើអ្នកណាមិនព្រមឲ្យអ្នកដទៃខ្ចីសៀវភៅទេ មនុស្សម្នាក់នោះនឹងត្រូវបង់ពិន័យជាមួយប្រាក់មួយចំនួនធំ”។
ជាធម្មតាពេលដែលជនជាតិជីហ្វនៅតូច ម្ដាយរបស់គេតែងសួរពួកគេថា “ ឧបមាថាថ្ងៃណាមួយផ្ទះរបស់កូនត្រូវឆេះ តើកូននឹងជ្រើសរើសយកអ្វីចេញមក”? ក្មេងជនជាតិជីហ្វនោះឆ្លើយថា “ប្រាក់” ឬ “ពេជ្រ” ។ ម្ដាយរបស់គេនឹងសួរបន្តថា “ តើមានអ្វីទៀតដែលសំខាន់ក្រៅពីមាសពេជ្រ?ដែលវត្ថុនោះគ្មានរូប គ្មានរាង គ្មានពណ៌ គ្មានក្លិន ? កាលដែលក្មេងនោះមិនអាចឆ្លើយបាន ម្ដាយក៏បានពន្យល់និងបកស្រាយទៅកាន់កូនថា “ កូនត្រូវចាំថា អ្វីដែលកូនគួរយកជាប់ខ្លួនរហូតនោះមិនមែន ជាមាសពេជ្រនោះទេ ប៉ុន្តែគឺជាចំណេះដឹង ព្រោះចំណេះដឹងគឺជាអ្វីដែលគ្មាននរណាអាចដណ្ដើមយកបាននោះទេ ឲ្យតែកូនមានចំណេះដឹងមានចំណេះធ្វើ ទោះបីជាទៅដល់កន្លែងណាក៏ដោយ ក៏ចំណេះដឹងគ្មានថ្ងៃសាបសូន្យឡើយ។ហើយយើងឃើញថាឪពុកម្ដាយរបស់ជនជាតិជីហ្វតែងតែបង្រៀនដល់កូនៗខ្លួនថា ចំណេះដឹងគឺជាប្រភពនៃទ្រព្យសម្បត្តិទាំងពួង និងជាកូនសោរតែមួយគត់ដែលអាចប្រើដើម្បីបើកទ្វារនៃភាពជោគជ័យ និងភាពមានបានរហូតតទៅបាន។អាស្រ័យហេតុនេះហើយ ទើបជនជាតិជីហ្វតែងតែផ្ដល់នូវគុណតម្លៃ និងភាពសំខាន់ទៅលើការសិក្សាជាខ្លាំង។បើយើងក្រឡេកមើលទៅលើឪពុកម្ដាយរបស់ជនជាតិជីហ្វវិញ យើងឃើញថាដើម្បីឲ្យកូនចៅរបស់ខ្លួនស្រលាញ់ការសិក្សាស្រលាញ់សៀវភៅ ពួកគាត់ព្យាយមគ្រប់វិធីដើម្បីបណ្ដុះបណ្ដាលកូនៗរបស់ខ្លួនឲ្យស៊ាំជាមួយនឹងការអានសៀវភៅ និង បង្រៀនពួកគេឲ្យចេះប្រើគំនិតតាំងពីតូចមកម៉្លេះ។ ដោយសារតែមូលហេតុនេះហើយ ទើបជនជាតិជីហ្វភាគច្រើនសុទ្ធតែជាអ្នកមាន ជាមហាសេដ្ឋី ជាសិល្បៈករល្បីល្បាញ និង ជាអ្នកនយោបាយឈានមុខគេ។
ជារួមដើម្បីឲ្យប្រទេសជាតិមួយរីកចម្រើន ប្រជាជនត្រូវតែខិតខំប្រឹងប្រែងសង្វាតរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងចំណាយពេលទំនេរមួយចំនួនដើម្បីអានសៀវភៅណាដែលផ្ដល់នូវគំនិត គុណតម្លៃ និងចំណេះដឹងល្អៗដើម្បីអភិវឌ្ឍខ្លួនឯង និង ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ (ដកស្រង់ចេញពីសៀវភៅ “ គម្ពីរជំនួញជនជាតិជីហ្វ ភាគ/២)។