ហេតុអ្វីបានជាមនុស្សគ្រប់រូបគួរតែអានសៀវភៅនិងស្រលាញ់សៀវភៅ?

ពេលណាដែលយើងស្រលាញ់សៀវភៅ តែងយកវាមកអាន​ យកវាមកមើលជាញឹកញាប់នោះសមត្ថភាពអ្នកនឹងឡើងទ្វេដង ថែមទាំងបង្កើននូវភាពវៃឆ្លាត និងមានគំនិតច្នៃប្រឌិតច្រើនទៀតផង។ ដូចនេះបើអ្នកចង់ដឹងថា តើអានសៀវភៅបានប្រយោជន៍អ្វី? ហើយហេតុអ្វីត្រូវចំណាយពេលមកអានសៀវភៅ?មានរឿងអ្វីកើតឡើងបន្ទាប់ពីអានសៀវភៅហើយ? ចំណុចទាំង៤ខាងក្រោមនឹងជួយបកស្រាយជូនអ្នក៖

១.​ ការអាននឹងធ្វើឲ្យអ្នករីកចម្រើន និង ទទួលបានបទពិសោធន៍ច្រើន

experience

ប្រាកដណាស់ អ្នកនឹងរីកចម្រើន ហើយកាន់តែមានបទពិសោធន៍ច្រើននៅពេលដែលអ្នកអានសៀវភៅច្រើន ព្រោះអានសៀវភៅនឹងធ្វើឲ្យអ្នកដឹងរឿងរាវគ្រប់បែបយ៉ាងដែលមាននៅលើសកលលោក។ពេលណាដែលអ្នកអានសៀវភៅច្រើន នោះមានន័យថាអ្នកក៏ទទួលបានចំណេះដឹងជាច្រើនពីអ្នកប្រាជ្ញល្បីៗដែរ ព្រមទាំងជួយពង្រីកនូវចំណេះដឹង ចំណេះធ្វើ និង ពង្រឹងខួរក្បាលរបស់អ្នកឲ្យមានភាពរឹងមាំទៀតផង។​ អ្នកនិពន្ធចងក្រងសៀវភៅឡើងមកគឺមានគោលបំណងតែមួយគត់ គឺដើម្បីចែករំលែកនូវព័ត៌មាន បទពិសោធន៍ និងចំណេះដឹងទូទៅឲ្យមនុស្សគ្រប់គ្នាបានស្គាល់បានយល់។ដូចនេះកុំចំណាយពេលដែលមានតម្លៃទៅធ្វើរឿងអត់ប្រយោជន៍ ដល់ពេលដែលអ្នកគួរតែបង្វែរអារម្មណ៍ បង្វែរខួរក្បាលអ្នកឲ្យចាប់ផ្ដើមអានសៀវភៅដើម្បីការរីកចម្រើនវិញទើបជាការប្រសើរ។

២. បង្កើនការគិតនិងការវិភាគ

Articles

        គ្រប់ការបកស្រាយនិងការរៀបរាប់ពីអត្ថន័យខ្លឹមសារដែលមាននៅក្នុងសៀវភៅមិនមែនសុទ្ធតែត្រឹមត្រូវ និង សមហេតុផលនោះទេពោលគឺអ្នកត្រូវអានហើយត្រូវគិតពិចារណាទៅលើទស្សនៈនិង គំនិតនោះថាវាពិតជាត្រឹមត្រូវពិតមែនឬមួយក៏អត់ទេ ព្រោះគំនិតខ្លះសរសេរមកវាផ្ទុយពីសង្គមដែលយើងកំពុងរស់នៅសព្វថ្ងៃ ដែលជាហេតុអាចធ្វើឲ្យអ្នកអាចអនុវត្តនូវទស្សនៈនោះនៅក្នុងផ្លូវខុសក៏ថាបាន។ នេះគឺជាកាលៈទេសៈមួយដែលធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែវាងវៃ និង ធ្វើឲ្យអ្នកចេះវិភាគពីស្ថានភាពដែលនៅជុំវិញខ្លួនបានល្អិតល្អន់ ជាពិសេសនឹងធ្វើឲ្យអ្នកចេះពីវិធីសាស្ត្រមើលមនុស្សដែរថាជាមនុស្សល្អឬអាក្រក់ មនុស្សពិតឬក្លែងក្លាយ។ជារួមអានសៀវភៅមិនត្រឹមតែពង្រីកចំណេះដឹងតែប៉ុណ្ណឹងទេ​ ថែមទាំងជួយពង្រីកនូវការគិត និង ការវិភាគទៀតផង។

៣.​ ការអាននឹងជួយអ្នកបំបាត់ភាពអផ្សុក និងភាពឯកា

ពេលដែលគ្មាននរណាម្នាក់នៅជិតអ្នក ពេលដែលអ្នកអផ្សុកមិនដឹងនិយាយជាមួយអ្នកណា គឺមានតែសៀវភៅតែមួយគត់ដែលតែងតែនៅជិតអ្នក កំដរអ្នកឲ្យបាត់អផ្សុក និងជួយលើកទឹកចិត្តអ្នកឲ្យក្រោកឈរឡើងនៅពេលដែលអ្នកកើតទុក្ខ។ សៀវភៅប្រៀបបាននឹងមិត្តភិក្តម្នាក់ដែលមិនដែលចោលអ្នកឲ្យនៅឯកាឡើយ ហើយតែងតែធ្វើដំណើរទៅគ្រប់ទីកន្លែងជាមួយអ្នក។ ដូចនេះបើសៀវភៅមិនដែលបោះបង់ចោលអ្នកផង ហេតុអ្វីបានជាអ្នកបែរជាបោះបង់ចោលសៀវភៅនៅពេលដែលអ្នកលែងអផ្សុក?ហើយបោះបង់វាចោលនៅពេលដែលអ្នកសប្បាយចិត្តនោះ? ដូចនេះអ្នកគួរតែទម្លាប់អានវាជារៀងរាល់ថ្ងៃទោះបានតិចក្ដីច្រើនក្ដី ក៏ប្រសើរជាងការដែលអ្នកមិនអានដែរ ហើយអ្នកគួរចាត់ទុកវាជាមិត្តភក្តិម្នាក់ដែលតែងតែជួយជម្រុញអ្នកឲ្យគិតរឿងល្អ ធ្វើរឿងល្អ មានអនាគតល្អ និង ជោគជ័យក្នុងជីវិត។

៤. អានជួយឲ្យអ្នកភ្លេចរឿងហ្មងសៅទាំងឡាយ

        វិធីមួយដែលល្អបំផុតដើម្បីបំភ្លេចរឿងអត់ប្រយោជន៍ និង រឿងហ្មងសៅទាំងឡាយបាន គឺអានសៀវភៅ មិនថាសៀវភៅប្រលោមលោក​ សៀវភៅកំប្លែង ឬ សៀវភៅប្រភេទអ្វីផ្សេងក៏ដោយ វានឹងជួយអ្នកឲ្យបានស្រាកស្រាន្តក្នុងចិត្តបានខ្លះ ព្រោះពេលដែលអ្នកអាន អ្នកគ្មានពេលដើម្បីគិតរឿងផ្សេងក្រៅពីតាមដានសាច់រឿង តួអង្គនៅក្នុងសៀវភៅនោះទេ។ ហើយអ្នកអាចជ្រើសរើសសៀវភៅណាដែលជាចំណង់ចំណូលចិត្តរបស់អ្នក ហើយគួរចៀសវាងការអានសៀវភៅណាដែលធ្វើឲ្យអ្នកស្មុគស្មាញ។

សូមណែនាំនូវអត្ថបទ​បន្ទាប់ដែលអ្នកគួរតែមើល ៖  ឥទ្ធិពលដ៏អស្ចារ្យនៃការអាន