អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបនូវស្ថានភាពមួយនេះជាច្រើនលើកច្រើនសារហើយ ដែលថាពេលដែលអ្នកចង់យកសៀវភៅមកចាប់កាន់អាន អ្នកក៏ចាប់ផ្ដើមខ្ជិលស្ងាប ធ្លាក់ភ្នែក ងងុយដេក ពត់ដៃពត់ជើងជាមិនខានចំពោះមនុស្សដែលមិនចូលចិត្តអានសៀវភៅ ហើយអ្នកក៏ប្រាកដជាយកលេលទៅធ្វើការងារផ្សេងៗទៀតដើម្បីបានលេសក្នុងការឈប់អានសៀវភៅក៏មាន។ម្យ៉ាងវិញទៀតអ្នកអាចនឹងគិតថា អ្នកប្រហែលជាមិនសូវត្រូវធាតុជាមួយនឹងសៀវភៅ ឬ មួយក៏មិនមែនជាអ្នកអានអ្វីនោះទេ ដូចនេះច្បាស់ណាស់ដែលថាអ្នកនឹងឈប់អានសៀវភៅជាក់ជាមិនខាន។ តែតាមពិតទៅអ្នកដឹងខ្លួនឯងច្បាស់ណាស់ថាសៀវភៅគឺជាឃ្លាំងនៃចំណេះដឹងដែលអាចជួយអ្នកឲ្យឆ្លងផុតពីភាពអវិជ្ជាបាន និង មានអនាគតភ្លឺស្វាង។ ដូចនេះតើត្រូវធ្វើដូចម្ដេចដើម្បីជួយជម្រុញអ្នកដែលមិនចូលចិត្តអានសៀវភៅឲ្យក្លាយជាមនុស្សម្នាក់ដែលញៀនក្នុងការអានសៀវភៅ?ខាងក្រោមនេះជាចំណុចមួយចំនួនដែលអាចជួយពួកគេឲ្យចូលចិត្តការអានសៀវភៅបាន៖
១. ដាក់គោលដៅឲ្យសមល្មមទៅនឹងសមត្ថភាពអ្នក

អ្នកមិនត្រូវដាក់គោលដៅខ្ពស់ពេកនោះទេ ព្រោះវាអាចជាហេតុធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្ត និង ឆាប់បរាជ័យក្នុងការអានវា។ តួយ៉ាងបើអ្នកកំណត់ថាក្នុងរយៈពេលមួយសប្ដាហ៍អ្នកត្រូវអានសៀវភៅមួយក្បាលនេះឲ្យចប់ តែអ្នកបែរជាមិនអាចបញ្ចប់វាបានទៅវិញក្នុងរយៈពេលមួយសប្ដាហ៍ តើខណៈពេលនោះ អ្នកមានអារម្មណ៍យ៉ាងណាពេលដែលអ្នកមិនអាចធ្វើបានតាមការគ្រោងទុករបស់អ្នក? ប្រាកដណាស់អ្នកប្រាកដជាបាក់ទឹកចិត្ត ព្រោះការដាក់គោលដៅខ្ពស់ពេក អ្នកនឹងទទួលបាននូវភាគរយខ្ពស់ក្នុងការបរាជ័យសម្រាប់ការបង្កើតទម្លាប់អានសៀវភៅរបស់អ្នក។ ហេតុនេះហើយជាដំបូងអ្នកគួរតែដាក់គោលដៅឲ្យមានលក្ខណៈពិតប្រាកដ ឲ្យស៊ីគ្នាជាមួយនឹងសមត្ថភាពរបស់អ្នក ទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកអាចសម្រេចកិច្ចការបានខ្លះៗ ហើយមានអារម្មណ៍ចង់អានបន្តទៀតដោយភាពសប្បាយរីករាយ។ គោលដៅនេះគឺសម្រាប់អ្នកខ្លួនឯងផ្ទាល់ មិនមែនដាក់ឲ្យអ្នកដទៃសរសើរអ្នក ឬ កោតក្រែងអ្នកនោះទេ។ ដូចនេះអ្នកអាចកំណត់ការអានរបស់អ្នកត្រឹម៤ទៅ៥ទំព័រក៏បានក្នុងមួយថ្ងៃ។
២. ស្វែងរកទីតាំង និង បរិយាកាសដើម្បីអានសៀវភៅ

ទីតាំង និង បរិយាកាសពិតជាមានសារៈសំខាន់ចំពោះអ្នកដើម្បីអានសៀវភៅ បើអ្នកអាននៅទីកន្លែងធំទូលាយ មានសភាពស្ងប់ស្ងាត់ និង មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ នោះអ្នកប្រាកដជាមានអារម្មណ៍ល្អដើម្បីផ្ដោតទៅលើការអាន។ តែបើអ្នកមិនបានជ្រើសរើសទីតាំងល្អក្នុងការអានសៀវភៅទេ អារម្មណ៍របស់អ្នកនឹងហោះហើរឆ្វាត់ឆ្វែងគ្នា គិតពីនេះពីនោះ ធ្វើឲ្យអារម្មណ៍អ្នកមិនមូលពិបាកក្នុងការផ្ដោតទៅលើការអាន ដោយសារតែសម្លេងរំខានពីមជ្ឈដ្ឋានខាងក្រៅ។
៣. អានសៀវភៅសិនចាំចាប់កាន់ទូរស័ព្ទ
អ្នកសាកស្រម៉ៃលោហ៍មើលថាបើសិនជាមានសៀវភៅ និង ទូរស័ព្ទនៅលើតុ ឬ នៅលើគ្រែដេករបស់អ្នក តើអ្នកនឹងជ្រើសរើសរបស់មួយណាមុនគេ? ៩៩.៩% ចំពោះអ្នកដែលមិនសូវចូលចិត្តអានសៀវភៅ ពួកគេប្រាកដជាជ្រើសរើសយកទូរស័ព្ទជាមិនខាន ហើយអ្នកទាំងអស់គ្នាដឹងហើយថា បើកាលណាអ្នកចាប់ផ្ដើមចាប់កាន់ទូរស័ព្ទយកមកមើលហើយ អ្នកប្រាកដជាលង់ខ្លួនឈ្លក់វង្វេងនឹងវាមិនអាចដកដៃបញ្ឈប់វាបានទេ ដោយសារតែមានព័ត៌មាន និង វីដេអូកំប្លែងៗ ដែលអាចធ្វើឲ្យអ្នកសប្បាយរីករាយបានមួយរយៈពេកខ្លី។ ដូចនេះហើយមុនពេលដែលអ្នកធ្វើការងារអ្វីមួយ យកល្អអ្នកគួរតែធ្វើវាឲ្យហើយទៅទើបជាការល្អ ហើយចាំលេងទូរស័ព្ទតាមក្រោយក៏វាមិនទាន់ហួសពេលដែរ។
៤. អានសៀវភៅដែលអ្នកចូលចិត្ត និង ងាយស្រួលអាន
សម្រាប់អ្នកអានដំបូងៗ ពួកគេគួរចាប់ផ្ដើមដោយយកសៀវភៅដែលមានឃ្លោងឃ្លា និង ការប្រើប្រាស់ពាក្យសាមញ្ញៗទូទៅដែលងាយស្រួលអាន ជាជាងទៅយកសៀវភៅដែលសម្បូរទៅដោយពាក្យសំស្រ្កឹត ពាក្យចាស់ៗដែលមិនដែលជួប និង ពាក្យបច្ចេកទេសមកអាន ព្រោះវាអាចធ្វើឲ្យអ្នកឆាប់ធុញទ្រាន់ និង ស្រ្តេស។ ហេតុនេះ អ្នកគួរតែយកសៀវភៅណាដែលអ្នកគិតថាស្រួលអាន ស្រួលយល់ មកធ្វើជាមូលដ្ឋានគ្រឹះដើម្បីអានឲ្យបានកាន់តែច្រើនជាងមុន។ជាពិសេស បើករណីណាដែលអ្នកអានប៉ះចំសៀវភៅដែលគ្មានភាពទាក់ទាញ ពិបាកអាន ពិបាកយល់ យកល្អអ្នកគួរតែបញ្ឈប់ការអានសៀវភៅនោះទៅ កុំបង្ខំអានវាឲ្យចប់តាមការគ្រោងទុករបស់អ្នកអី ព្រោះអ្នកនឹងមានអារម្មណ៍មិនល្អ ឆាប់ធុញហើយ មិនចង់អានសៀវភៅផ្សេងៗទៀតនោះទេ ដោយសារតែអ្នកបានវាយតម្លៃសៀវភៅនេះរួចជាស្រេចទៅហើយ អ៊ឺងចឹងសៀវភៅផ្សេងៗទៀតអ្នកក៏គិតថាយ៉ាងហ្នឹងដែរ។
៥. អានជារៀងរាល់ថ្ងៃ

បន្ទាប់ពីដាក់គោលដៅរបស់អ្នករួចហើយ អ្នកត្រូវតែអនុវត្តវាជារៀងរាល់ថ្ងៃ អានវាជារៀងរាល់ថ្ងៃ ទោះបីជាមិនបានច្រើនទំព័រក៏ដោយ តែត្រូវច្បាស់ក្នុងចិត្តថាអ្នកបានអានវាគ្រប់ទំព័រទៅតាមអ្វីដែលអ្នកបានកំណត់ទុករួចហើយ។ពេលណាដែលអ្នកអានវាជារៀងរាល់ថ្ងៃ នោះវានឹងក្លាយជាទម្លាប់ដ៏ល្អមួយរបស់អ្នកជាមិនខាន ហើយពេលនោះហើយដែលអ្នកអាចលុបដានជើងចេញពីមនុស្សខ្ជិល ចេញពីមនុស្សដែលតែងតែយកលេសធ្វើនេះធ្វើនោះដើម្បីរត់ចេញពីការអានបាន។
ដូចនេះអត្ថបទនៅក្នុងថ្ងៃនេះពួកយើងសង្ឃឹមថានឹងអាចជួយអ្នកឲ្យមានចំណង់ចំណូលចិត្តទៅលើការអានសៀវភៅ ហើយអានវាឲ្យបានច្រើនដើម្បីទទួលបាននូវចំណេះដឹងប្លែកៗ ដើម្បីជួយមនុស្សជុំវិញខ្លួនអ្នក និង ជួយអភិវឌ្ឍដល់សង្គមជាតិរបស់អ្នកឲ្យមានវឌ្ឍនភាពជានិរន្តន៍។
សូមណែនាំនូវអត្ថបទបន្ទាប់ដែលអ្នកគួរតែមើល ៖ ឥទ្ធិពលដ៏អស្ចារ្យនៃការអាន
