គន្លឹះ​អានសៀវភៅ​ឱ្យបានច្រើនជាងមុន!

នៅកម្ពុជា ទម្លាប់នៃការអានសៀវភៅចាប់ផ្តើម​កម្រើក​ឡើងជាបណ្តើរៗហើយនាពេលបច្ចុប្បន្ននេះ។ ហើយ​អ្នក​អានសៀវភៅ​វិញ មិន​មែន​មានតែ​ក្នុងចំណោម​សិស្ស និស្សិត​ ឬ​អ្នក​សិក្សាស្រាវជ្រាវនោះទេ អ្នក​ប្រកបរបរ​រកស៊ី សហគ្រិន​ និង​អ្នកជំនាញកាន់តែច្រើនឡើងចាប់ផ្តើម​មាន​ទំនោរទិញសៀវភៅ ដើម្បី​បំពាក់បំប៉ន​ចំណេះដឹង គំនិត និង​សមត្ថភាពរបស់ខ្លួន។ ទំនោរនេះ​គឺពិតល្អដោយ​មនុស្ស​កាន់តែច្រើន​ឡើង ចាប់ផ្តើម​ឱ្យ​តម្លៃ​ទៅលើ​ការអាន និងហ៊ាន​ចំណាយ​លុយ​ទិញសៀវភៅ​។

ការប្រកួត​ប្រជែង​កាន់តែខ្លាំងក្លានៅក្នុងពិភព​ធុរកិច្ច​ ដែលតម្រូវ​ឱ្យ​អ្នក​ដឹកនាំក្នុង​ក្រុមហ៊ុន សហគ្រិន និងបុគ្គលិកត្រូវតែ​ពង្រឹង​សមត្ថភាពរបស់ខ្លួនដើម្បី​ឱ្យ​មាន​ភាពប្រកួតប្រជែង។ ក្រៅពី​ការចូលវគ្គបណ្តុះបណ្តាល ឬការចែករំលែកបទពិសោធន៍គ្នា​នឹង​គ្នា ការអានសៀវភៅគឺជាប្រភព​ធនធាន​ដ៏ល្អមួយ​ ក្នុងការ​សិក្សា និង​យល់ដឹងពីគំនិត និងបទពិសោធថ្មី​ៗជាច្រើន​ដែលអាច​ជួយ​ឱ្យគ្រប់ៗគ្នា​អាច​យក​គំនិត​ និង​បទពិសោធន៍ទាំងនោះ​មក​កិន និង​ប្រើប្រាស់​តាម​ស្ថានការណ៍ជាក់ស្តែង​របស់ស្ថាប័ន​របស់ខ្លួន ជាពិសេស​នោះ សម្រាប់សហគ្រិន​តែម្តង​។ ជាក់ស្តែងសម្រាប់នៅប្រទេស​ដែលមាន​ការរីកចម្រើនវិញ ជាមធ្យម​អគ្គនាយកក្រុមហ៊ុន​អាន​សៀវភៅ​ជាមធ្យម​មួយក្បាល​ក្នុយ​មួយ​សប្តាហ៍ដើម្បី​ជួយ​ឱ្យពួកគេ​អាចប្រមូលគំនិតថ្មីៗសម្រាប់​អភិវឌ្ឍខ្លួន​ឯង និងក្រុមហ៊ុន។

នៅពេលដែល​ឮពីចំនួន​សៀវភៅ​ដែល​គេអាន​ខាង​លើ ប្រាកដជា​មាន​មនុស្សជាច្រើននិយាយ​ថាគឺមិនអាចទៅរួចនោះទេ ព្រោះអី​ជាទូទៅអ្នកដែលមានការងារគឺមិនមានពេលច្រើន ហើយ​ការងារ​មមា​ញឹកដូចនេះ តើមានពេលឯណាអានសៀវភៅ​១ក្បាល​ក្នុង​១សប្តាហ៍កើត?​

សម្រាប់អ្នក​ដែលមិនមាន​ទម្លាប់​អាន ប្រាកដណាស់​វាពិបាក​នឹងសម្រេច​បាន​នូវចំនួន​សៀវភៅ​ដែល​លើកឡើង​ខាងលើ។ ប៉ុន្តែ​អ្នកនៅតែមានលទ្ធភាព​អានសៀវភៅបានកាន់តែច្រើនជាងមុន​ប្រសិនបើអនុវត្ត​នូវ​គន្លឹះ​ខាងក្រោម៖

ការអានសៀវភៅ​គឺមិនមែនមានន័យថាអានគ្រប់ពាក្យដែលមាន​នៅក្នុង​សៀវភៅនោះទេ។ គោលបំណងនៃការអានសៀវភៅគឺជាការ​រៀន​ និង​បង្កើន​នូវចំណេះដឹងថ្មីៗ​ ឬទទួលបានព័ត៌មានដែលអ្នកចង់ដឹង។

១- កំណត់​ពេលវេលា​អានសៀវភៅ​សម្រាប់ខ្លួន​ឯងជារៀងរាល់ថ្ងៃ

សម្រាប់ខ្ញុំ​ ពេលវេលា​អាន​ប្រចាំថ្ងៃ​គឺនៅមុនចូលគេងគឺប្រហែល​ម៉ោង១១ ទៅ​១២អាធ្រាតដែលខ្ញុំតែង​ចំណាយ​ពេលប្រហែល​៣០ទៅ៤០នាទី​សម្រាប់ការអានសៀវភៅដោយសារ​តែវា​ជា​ពេលវេលា​ដែលស្ងប់ស្ងាត់ល្អ និង​មិនមាន​អ្នករំខានផ្សេងៗ ហើយណា​មួយ​គឺ​ខ្ញុំជាមនុស្ស​ម្នាក់ដែលចូលចិត្ត​ធ្វើកិច្ចការ​យប់ៗ​ដែលទម្លាប់នេះ​មានតាំង​ពី​នៅសិក្សា​ថ្នាក់វិទ្យាល័យមកម្ល៉េះ។ ហើយនៅពេលអានសៀវភៅ​ម្តងៗគឺភាគច្រើន​ខ្ញុំ​អាន​នៅ​លើកៅអីសាឡុង​ដែលមានតុធ្វើការប្រសិនបើ​សៀវភៅ​នោះទាមទារ​ឱ្យ​មាន​ការគិត ឬ​កត់ត្រា​ចំណុចផ្សេងៗច្រើន (ភាគច្រើន​សម្រាប់​បង្កើនជំនាញ) និង​អាន​នៅលើ​ពូក​ប្រសិន​បើ​សៀវភៅ​នោះ​ជាបែបសៀវភៅ​ដែល​សម្រាប់​បង្កើនចំណេះដឹង ឬការកម្សាន្តដែលមិនចាំបាច់ធ្វើការ​កត់ត្រាមូលន័យ។ មនុស្ស​ម្នាក់មាន​ពេលវេលាល្អ​សម្រាប់ការអានខុសៗគ្នា ដែល​ទាមទារ​ឱ្យអ្នក​ជ្រើសរើសពេលវេលាណាមួយ​ដែលសាកសម​សម្រាប់អ្នក និងទីកន្លែង​ដែល​ល្អ​សម្រាប់ការអានសៀវភៅ ជាពិសេស​ពេលវេលាដែលមានភាពស្ងប់ស្ងាត់ល្អ។ ប្រសិនបើអ្នករកឃើញ​ពេលវេលាដែលល្អបំផុត​ឃើញ កុំភ្លេច​បង្កើត​វាជាទម្លាប់​ឡើងដើម្បីទទួលបានលទ្ធផល​ដែលល្អបំផុត។

២- បង្កើត​គោលដៅ​អាន​សៀវភៅ​ប្រចាំថ្ងៃ

ជាមធ្យម​ មនុស្ស​ម្នាក់អានសៀវភៅ​មួយទំព័រក្នុង​មួយនាទី។ ដូចនេះ ក្នុង​១ម៉ោង អ្នកអាច​អាន​សៀវភៅ​ប្រហែល៥០ ទៅ​៦០​ទំព័រ។ ប្រសិនបើអ្នក​នៅមាន​ល្បឿន​យឺត​នៅឡើយ កុំបារម្ភអី ព្រោះ​អ្នក​នឹង​មាន​​ល្បឿន​អាន​កាន់តែលឿន​ប្រសិន​អ្នក​អាន​សៀវភៅ​អាន​បានជាប់លាប់ ហើយ​សម្រាប់​ប្រធានបទខ្លះ​វាទាមទារ​ឱ្យអ្នកគិតច្រើន​ ឬថ្មីសម្រាប់អ្នក ដែលធ្វើ​ឱ្យ​ល្បឿន​អាន​មិន​អាច​លឿន​បាននោះទេ។ សម្រាប់អ្នកដែលទើបចាប់ផ្តើម​អាន​ អ្នកគួរ​តែ​ដាក់ម៉ោង​ដើម្បីផ្ទៀងផ្ទាត់​ពីល្បឿន​របស់អ្នក ហើយ​កត់ត្រា​ទុក​នូវ​ទន្និន័យ​ពីល្បឿនអាន​ឱ្យបានបួនប្រាំដង រួចផ្អែកលើទនិ្នន័យ​នោះ​ធ្វើការ​កំណត់គោលដៅ​របស់អ្នកក្នុង​ការ​អានសៀវភៅ។

៣- ចាកចេញ​ពីការរំខាន

ក្នុង​សម័យ​ឌីជីថល វាពិបាកណាស់​នឹងគេច​ផុតពីការរំខានជាពិសេស​ការរំខាន​ពី​បណ្តាញសង្គមដូចជា​ហ្វេFacebook Instagram ឬ​កម្មវិធីផ្សេងៗទៀតដែលធ្វើឱ្យអារម្មណ៍អ្នកមិនមូល​ ឬស្ងប់នោះទេ​ប្រសិនបើអ្នកនៅជិត​ស្មាតហ្វូ​ន​របស់អ្នក។ សូម្បីតែ​ខ្ញុំ​ក៏​ដូច្នេះ​ដែរ នៅពេល​ដែលលើកយកទូរស័ព្ទ​មក​មើលម្តងៗ គឺខ្ញុំ​ត្រូវខាត​ពេល​រាប់នាទី ហើយ​ពេលខ្លះ​អាចឈាន​ទៅដល់ម៉ោង​ក៏ថា​បាន។ ដូចនេះ​អ្នកត្រូវ​តែ​ដាក់វា​ Offline (ឬបិទ​សេវា)​បណ្តោះអាសន្នសិន ហើយដាក់វានៅឱ្យឆ្ងាយដើម្បី​អ្នកអាច​ស្យង់អារម្មណ៍​អាន​បាន​ល្អ។ នៅពេលដែល​ខ្ញុំ​កំពុងតែ​សរសេរ​អត្ថបទនេះ ខ្ញុំ​ក៏បានដាក់​ទូរស័ព្ទ​ខ្ញុំនៅឆ្ងាយ​ពីខ្លួន​សាកចោល ដើម្បីឱ្យ​ខ្ញុំ​អាច​មាន​ឱកាស​ក្នុង​ការ​បញ្ចប់អត្ថបទ​នេះ។ ក្រៅពី​ទូរស័ព្ទ អ្នកគួរតែ​ធ្វើការ​គិត​រកមើលថាតើអ្វីខ្លះ​ដែលអាច​រំខានអ្នក ហើយ​ធ្វើ​យ៉ាងណា​ចៀសចេញ​ឱ្យឆ្ងាយពី​វត្ថុ​ទាំងនោះ​នៅពេលដែល​ចាប់កាន់សៀវភៅ។

៤- កុំចំណាយ​ពេលឥតប្រយោជន៍ជាមួយ​នឹង​សៀវភៅដែលគួរឱ្យធុញទ្រាន់

ប្រសិន​បើអ្នក​កំពុងតែអានសៀវភៅមួយ​ ហើយ​មានអារម្មណ៍ថា​មិនជក់ចិត្ត និងគួរឱ្យធុញទ្រាន់ ឬ​មិន​យល់អ្វីពីសៀវភៅ​នឹងបន្តិចសោះ អ្នកគួរតែ​ដូរ​សៀវភៅ​អាន។ ព្រោះថា ប្រសិនបើអ្នកបន្តអាន វានាំតែធ្វើឱ្យអ្នក​ខាតពេលវេលា និង​មិនបាន​ផលចំណេញ​អ្វីនោះទេ។ ប្រសិនបើសៀវភៅនេះជាសៀវភៅទីមួយដែលអ្នកទើបតែទិញ កុំស្តាយ​ថវិការ​ឱ្យ​សោះ ទុកសៀវភៅ​នោះមួយឡែកសិន ហើយជ្រើសរើសសៀវភៅថ្មី​ដែលងាយស្រួលអានជាងនេះ ឬ​មាន​ប្រធានបទ​ដែលអ្នក​ចាប់អារម្មណ៍។ អ្នកនឹងជក់ចិត្ត​ចង់​អាន​នៅពេលដែលសៀវភៅនោះ​មាន​ព័ត៌មាន​ដែលអ្នកចង់ដឹង ឬប្រធាន​បទដែលអ្នកចូលចិត្តខ្លាំង ហើយ​ប្រសិន​បើអ្នកអានសៀវភៅទាំងនេះ វានឹងជួយឱ្យអ្នកស្រឡាញ់ការអាន​កាន់តែច្រើនឡើងៗ។ ល្អបំផុត ប្រសិន​បើអ្នក​មិនធ្លាប់អាន​សោះ អ្នកគួរ​អានសៀវភៅ​ណា​ដែលមាន​កម្រិត​ស្រាល និងកម្រាស់ស្តើងជាមុនសិន​ដើម្បីបង្កើត​ទម្លាប់ការអាន និង​ទំនោរនៃការស្រឡាញ់សៀវភៅមុននឹងឈានទៅ​ចាប់យក​សៀវភៅផ្សេងៗទៀត។

៥- មើលត្រួសៗ​នៅកន្លែង​ដែល​មិនសំខាន់

សៀវភៅជាច្រើន ជាពិសេស​សៀវភៅ​ស្តីពីធុរកិច្ច​សរសេរនូវព័ត៌មាន​ច្រំដែលៗ ឬ​មាន​ព័ត៌មាន​ខ្លះ​មិនមាន​សារប្រយោជន៍​សម្រាប់អ្នកនោះទេ។ ដូចនេះ ការអានសៀវភៅ​គឺមិនមែនមានន័យថាអានគ្រប់ពាក្យដែលមាន​នៅក្នុង​សៀវភៅនោះទេ។ គោលបំណងនៃការអានសៀវភៅគឺជាការ​រៀន​ និង​បង្កើន​នូវចំណេះដឹងថ្មីៗ​ ឬទទួលបានព័ត៌មានដែលអ្នកចង់ដឹង។ ដូចនេះ អ្នកអាចធ្វើការមើលត្រួសៗ​នូវព័ត៌មាន ឬទំព័រនៃសៀវភៅ​ដែលអ្នកគិតថាមិនបាន​ការ​ ឬមិនមានសារៈប្រយោជន៍។

តិចនិច​នៃការអានសៀវភៅ​គឺមិនមែន​មានតែត្រឹមនេះនោះទេ ខ្ញុំនឹងធ្វើការ​ចែករំលែកបន្តបន្ទាប់ទៀត​សម្រាប់​បងប្អូន​ដែលចង់​ចាប់ផ្តើមទម្លាប់​អាន​សៀវភៅ ជាពិសេស​សម្រាប់សហគ្រិន ឬអ្នកជំនាញ​ដែលចង់ចាប់ផ្តើម​ការអាន​ដើម្បី​អភិវឌ្ឍសមត្ថភាពរបស់គាត់ឱ្យ​មានភាពលេចធ្លោ និងមានភាពច្នៃប្រឌិត។

ប្រភព៖ https://kumnit.com/article/4963